ប្រជាពលរដ្ឋអាចយកទូរសព្ទ័ថតប៉ូលិសពន្លត់អគ្គិភ័យបាន ក្នុងករណីមានការជំរិតទារលុយមុនពេលពន្លត់!
លោកឧត្តមសេនីយ៍ នេត វន្ថា
ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ
នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីពេលថ្មីៗនេះ
បានប្រកាសលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់
ឲ្យប្រើប្រាស់ស្មាតហ្វូន ដើម្បីថតរូបរបស់ប៉ូលិសពន្លត់អគ្គិភ័យ
ក្នុងករណីមានការជំរិតទារលុយពីប្រជាពលរដ្ឋ
នៅពេលកើតមានភ្លើងឆេះផ្ទះ។ ការប្រកាសដូច្នេះ
ដើម្បីការពារដល់កិត្តិយសសេចក្តីថ្លៃថ្នូរបស់មន្ត្រីប៉ូលិសពន្លត់
អគ្គិភ័យ ដែលតែងតែមានការលើកឡើងថា ឲ្យតែពេលមានភ្លើងឆេះផ្ទះ
អ្នកពន្លត់អគ្គិភ័យទាំងនោះ តែងតែឆ្លៀតឱកាសរកលាភសក្ការៈ ឬទារលុយ
ទើបបាញ់ទឹកពន្លត់។
លោក នេត វន្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «តែងតែមាន
ការគិតថា នៅពេលមានអគ្គិភ័យកើតឡើងម្តងៗ កម្លាំងអគ្គិភ័យយើង
តែងតែរងការចោទប្រកាន់ថា ទទួលលាភសក្ការៈ ឆ្លៀតយកលុយពីប្រជាពលរដ្ឋ។
តែកម្លាំងយើង ១ឡាន មានគ្នាតែ ៣នាក់ទេ
ហើយបើសិនជាមានអគ្គិភ័យកើតឡើង គឺទាំង ៣នាក់ រវល់នឹងរៀបចំឧបករណ៍
ហើយកាន់ទុយោទឹកបាញ់ពន្លត់។ ដូច្នេះគ្មានដៃឯណា
ទៅយកលុយពីប្រជាពលរដ្ឋទេ។ នេះហើយ
ដែលខ្ញុំមិនអាចទទួលយកនូវការរិះគន់ពីប្រជាពលរដ្ឋបានទេ។
គួរតែលើកតម្លៃរបស់ប៉ូលិសពន្លត់អគ្គិភ័យ
ព្រោះគាត់ប្រឈមនឹងគ្រោះថ្នាក់ធំណាស់»។
លោកបានថ្លែងថា ក្នុងករណីមានមន្ត្រីប៉ូលិសពន្លត់អគ្គិភ័យ
ឆ្លៀតយកផលលាភណាមួយ ខុសពីបទវិន័យនគរបាល
គឺអាចថតរូបយកទៅប្តឹងអង្គភាពសាម៉ី
ឬមកថ្នាក់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់ទោសទៅលើបុគ្គល
ដែលអនុវត្តផ្ទុយ កុំឲ្យរាលដាលទៅលើប៉ូលិសទូទៅ ដែលបានអនុវត្តល្អ។
ត្រឹមដើមឆ្នាំ២០១៨នេះ កងកម្លាំងពន្លត់អគ្គិភ័យ មានចំនួន ១២៣៩នាក់
ក្នុងនោះ មានស្រ្តី ៤៩នាក់ ហើយរថយន្ដពន្លត់អគ្គិភ័យ
សរុបទូទាំងប្រទេស មានចំនួន ២៤៨គ្រឿង។
លោកឧត្តមសេនីយ៍ នេត វន្ថា លើកឡើងថា ចំនួនគ្រោះអគ្គិភ័យ ក្នុងឆ្នាំ២០១៧ ថយចុះជាងឆ្នាំ២០១៦ ដល់ទៅ ៩៨លើក តែចំនួនអ្នកស្លាប់ មានការកើនឡើង ពោលគឺឆ្នាំ២០១៧ គ្រោះអគ្គិភ័យ កើតមាន ៥១៤ករណី បណ្តាលឲ្យស្លាប់ ២២នាក់ កើនឡើង ៨នាក់បើប្រៀបធៀបឆ្នាំ២០១៦ ដែលមានចំនួនអ្នកស្លាប់ ១៤នាក់ ក្នុងគ្រោះអគ្គិភ័យ ៦១២ករណី។
លោក នេត វន្ថា បន្តថា បញ្ហាចម្បងនៃការបង្កគ្រោះអគ្គិភ័យ
ក្នុងឆ្នាំ២០១៧ និងក្នុងឆ្នាំ២០១៦ បង្កឡើងភាគច្រើន
ដោយការឆ្លងចរន្ដអគ្គិសនី និងការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋជាដើម៕
លោកឧត្តមសេនីយ៍ នេត វន្ថា លើកឡើងថា ចំនួនគ្រោះអគ្គិភ័យ ក្នុងឆ្នាំ២០១៧ ថយចុះជាងឆ្នាំ២០១៦ ដល់ទៅ ៩៨លើក តែចំនួនអ្នកស្លាប់ មានការកើនឡើង ពោលគឺឆ្នាំ២០១៧ គ្រោះអគ្គិភ័យ កើតមាន ៥១៤ករណី បណ្តាលឲ្យស្លាប់ ២២នាក់ កើនឡើង ៨នាក់បើប្រៀបធៀបឆ្នាំ២០១៦ ដែលមានចំនួនអ្នកស្លាប់ ១៤នាក់ ក្នុងគ្រោះអគ្គិភ័យ ៦១២ករណី។
No comments: